quranm◉

Hizb 19

Range
from 8:61 to 9:45
Surahs covered
ការបកប្រែ
60 ការបកប្រែ

◉

8:61

وَإِن جَنَحُواْ لِلسَّلۡمِ فَٱجۡنَحۡ لَهَا وَتَوَكَّلۡ عَلَى ٱللَّهِۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿61﴾

ហើយប្រសិនបើពួកគេ(សត្រូវ)ទោរទន់ទៅរកសន្តិភាព(ចរចាបញ្ចប់សង្គ្រាម)នោះ ដូច្នេះ អ្នកក៏ត្រូវទោរទន់ទៅរកសន្តិភាពវិញដែរ ហើយត្រូវប្រគល់ការទុកចិត្តលើអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។

8:62

وَإِن يُرِيدُوٓاْ أَن يَخۡدَعُوكَ فَإِنَّ حَسۡبَكَ ٱللَّهُۚ هُوَ ٱلَّذِيٓ أَيَّدَكَ بِنَصۡرِهِۦ وَبِٱلۡمُؤۡمِنِينَ ﴿62﴾

តែប្រសិនបើពួកគេមានបំណង(ប្រើល្បិចកល)បោកប្រាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាការពិតណាស់ អល់ឡោះជាម្ចាស់(តែមួយគត់)គឺគ្រប់គ្រាន់ហើយសម្រាប់អ្នក។ ទ្រង់ជាអ្នកពង្រឹងអ្នកតាមរយៈជំនួយរបស់ទ្រង់ និងតាមរយៈអ្នកមានជំនឿទាំងឡាយ។

8:63

وَأَلَّفَ بَيۡنَ قُلُوبِهِمۡۚ لَوۡ أَنفَقۡتَ مَا فِي ٱلۡأَرۡضِ جَمِيعٗا مَّآ أَلَّفۡتَ بَيۡنَ قُلُوبِهِمۡ وَلَٰكِنَّ ٱللَّهَ أَلَّفَ بَيۡنَهُمۡۚ إِنَّهُۥ عَزِيزٌ حَكِيمٞ ﴿63﴾

ហើយទ្រង់បានបង្រួបបង្រួមរវាងដួងចិត្តរបស់ពួកគេ។ ទោះបីជាអ្នកបរិច្ចាគអ្វីដែលមាននៅលើផែនដីនេះទាំងអស់(ដើម្បីបង្រួបបង្រួមរវាងដួងចិត្តរបស់ពួកគេ)ក៏ដោយ ក៏អ្នកមិនអាចបង្រួបបង្រួមរវាងដួងចិត្តពួកគេបាននោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទៅវិញទេដែលអាចបង្រួបបង្រួមរវាងពួកគេបាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

8:64

يَـٰٓأَيُّهَا ٱلنَّبِيُّ حَسۡبُكَ ٱللَّهُ وَمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ ﴿64﴾

ឱព្យាការី(មូហាំម៉ាត់)! អល់ឡោះជាម្ចាស់ និងអ្នកទាំងឡាយដែលដើរតាមក្នុងចំណោមបណ្តាអ្នកមានជំនឿនោះ គឺគ្រប់គ្រាន់ហើយសម្រាប់អ្នក។

8:65

يَـٰٓأَيُّهَا ٱلنَّبِيُّ حَرِّضِ ٱلۡمُؤۡمِنِينَ عَلَى ٱلۡقِتَالِۚ إِن يَكُن مِّنكُمۡ عِشۡرُونَ صَٰبِرُونَ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُم مِّاْئَةٞ يَغۡلِبُوٓاْ أَلۡفٗا مِّنَ ٱلَّذِينَ كَفَرُواْ بِأَنَّهُمۡ قَوۡمٞ لَّا يَفۡقَهُونَ ﴿65﴾

ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកជំរុញបណ្តាអ្នកមានជំនឿលើការប្រយុទ្ធ។ ប្រសិនបើក្នុងចំណោមពួកអ្នក(អ្នកមានជំនឿ)មានគ្នាត្រឹមតែម្ភៃនាក់ដែលជាអ្នកអត់ធ្មត់(ប្រយុទ្ធនឹងពួកប្រឆាំង)នោះ គឺអាចយកឈ្នះពីររយនាក់(នៃពួកប្រឆាំង)បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាត្រឹមមួយរយនាក់ គឺអាចយកឈ្នះមួយពាន់នាក់នៃពួកប្រឆាំងបាន ដោយសារតែពួកគេ គឺជាក្រុមមួយដែលគ្មានការយល់ដឹង។

8:66

ٱلۡـَٰٔنَ خَفَّفَ ٱللَّهُ عَنكُمۡ وَعَلِمَ أَنَّ فِيكُمۡ ضَعۡفٗاۚ فَإِن يَكُن مِّنكُم مِّاْئَةٞ صَابِرَةٞ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُمۡ أَلۡفٞ يَغۡلِبُوٓاْ أَلۡفَيۡنِ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّـٰبِرِينَ ﴿66﴾

ពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានបន្ធូរបន្ថយដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ព្រោះទ្រង់ដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ដូច្នេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តាករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយរយនាក់ដែលជាអ្នកអត់ធ្មត់នោះ គឺអាចយកឈ្នះពីររយនាក់(នៃពួកប្រឆាំង)បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយពាន់នាក់ គឺអាចយកឈ្នះ(ពួកប្រឆាំង)ពីរពាន់នាក់បានដោយការអនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។

8:67

مَا كَانَ لِنَبِيٍّ أَن يَكُونَ لَهُۥٓ أَسۡرَىٰ حَتَّىٰ يُثۡخِنَ فِي ٱلۡأَرۡضِۚ تُرِيدُونَ عَرَضَ ٱلدُّنۡيَا وَٱللَّهُ يُرِيدُ ٱلۡأٓخِرَةَۗ وَٱللَّهُ عَزِيزٌ حَكِيمٞ ﴿67﴾

មិនគប្បីឡើយចំពោះព្យាការី(មូហាំម៉ាត់)ក្នុងការទុកឈ្លើយសឹក រហូតទាល់តែគាត់បានសម្លាប់(ពួកប្រឆាំង)នៅលើផែនដីបានច្រើនសិន។ ពួកអ្នក(បណ្តាអ្នកមានជំនឿ)ចង់បានទ្រព្យសម្បត្តិ(ទទួលយកការលោះឈ្លើយសឹកក្នុងសង្គ្រាមហ្ពាហ្ទើរ) តែអល់ឡោះជាម្ចាស់ទ្រង់ចង់(ផ្តល់ផលបុណ្យដល់ពួកអ្នក)នាថ្ងៃបរលោក។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

8:68

لَّوۡلَا كِتَٰبٞ مِّنَ ٱللَّهِ سَبَقَ لَمَسَّكُمۡ فِيمَآ أَخَذۡتُمۡ عَذَابٌ عَظِيمٞ ﴿68﴾

ប្រសិនបើគ្មានការកំណត់ពីអល់ឡោះពីមុនមក(ដែលអនុញ្ញាតយកទ្រព្យជ័យភណ្ឌ និងការលោះឈ្លើយសឹក)ទេនោះ ពួកអ្នកប្រាកដជានឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតជាមិនខានចំពោះអ្វីដែលពួកអ្នកទទួលយក។

8:69

فَكُلُواْ مِمَّا غَنِمۡتُمۡ حَلَٰلٗا طَيِّبٗاۚ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ﴿69﴾

ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលទានចុះនូវអ្វីដែលបានមកពីទ្រព្យជ័យភណ្ឌដែលគេអនុញ្ញាត និងស្អាតស្អំ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

8:70

يَـٰٓأَيُّهَا ٱلنَّبِيُّ قُل لِّمَن فِيٓ أَيۡدِيكُم مِّنَ ٱلۡأَسۡرَىٰٓ إِن يَعۡلَمِ ٱللَّهُ فِي قُلُوبِكُمۡ خَيۡرٗا يُؤۡتِكُمۡ خَيۡرٗا مِّمَّآ أُخِذَ مِنكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴿70﴾

ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកពោលទៅកាន់ឈ្លើយសឹក(មុស្ហរីគីន)ដែលនៅក្នុងដៃពួកអ្នកថា៖ ប្រសិនបើអល់ឡោះដឹងថា ក្នុងចិត្តបស់ពួកអ្នកមានគោលបំណងល្អ ទ្រង់ច្បាស់ជានឹងផ្តល់ឱ្យពួកអ្នកនូវអ្វីដែលល្អប្រសើរជាងអ្វី(ទ្រព្យលោះខ្លួន)ដែលគេបានយកពីពួកអ្នកជាមិនខាន ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នកទៀតផង។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

8:71

وَإِن يُرِيدُواْ خِيَانَتَكَ فَقَدۡ خَانُواْ ٱللَّهَ مِن قَبۡلُ فَأَمۡكَنَ مِنۡهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ﴿71﴾

តែប្រសិនបើពួកគេ(ឈ្លើយសឹកមុស្ហរីគីន)មានបំណងចង់ក្បត់អ្នក ពិតប្រាកដណាស់ ពួកគេក៏ធ្លាប់បានក្បត់អល់ឡោះពីមុនរួចហើយដែរ។ ប៉ុន្តែទ្រង់បានជួយ(អ្នក)ឱ្យយកឈ្នះលើពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

8:72

إِنَّ ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّنَصَرُوٓاْ أُوْلَـٰٓئِكَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۚ وَٱلَّذِينَ ءَامَنُواْ وَلَمۡ يُهَاجِرُواْ مَا لَكُم مِّن وَلَٰيَتِهِم مِّن شَيۡءٍ حَتَّىٰ يُهَاجِرُواْۚ وَإِنِ ٱسۡتَنصَرُوكُمۡ فِي ٱلدِّينِ فَعَلَيۡكُمُ ٱلنَّصۡرُ إِلَّا عَلَىٰ قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٞۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٞ ﴿72﴾

ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូ(ដោយចំណាយ)ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកនិងបានជួយដល់ពួកគេ(ពួកអាន់សរ៍)នោះ អ្នកទាំងនោះ គឺជាអ្នកគាំពារគ្នាទៅវិញទៅមក។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ តែមិនបានធ្វើចំណាកស្រុក គឺគ្មានកាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការជួយនិងការពារពួកគេនោះទេ លុះត្រាតែពួកគេធ្វើចំណាកស្រុក(ក្នុងមាគ៌ាអល់ឡោះ)ដែរ។ ហើយប្រសិនបើពួកគេសុំឲ្យពួកអ្នកជួយក្នុងនាមសាសនា គឺចាំបាច់លើពួកអ្នកត្រូវជួយ(ពួកគេ) លើកលែងតែរវាងពួកអ្នក និងពួកដែលបានចុះកិច្ចព្រមព្រៀងជាមួយពួកអ្នកប៉ុណ្ណោះ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

8:73

وَٱلَّذِينَ كَفَرُواْ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٍۚ إِلَّا تَفۡعَلُوهُ تَكُن فِتۡنَةٞ فِي ٱلۡأَرۡضِ وَفَسَادٞ كَبِيرٞ ﴿73﴾

ហើយពួកដែលគ្មានជំនឿ ពួកគេជាអ្នកគាំពារគ្នាទៅវិញទៅមក។ ប្រសិនបើពួកអ្នកធ្វើដូច្នោះ(យកពួកគ្មានជំនឿធ្វើជាអ្នកគាំពារ) នោះភាពវឹកវរ និងវិនាសកម្មយ៉ាងធំធេងនឹងកើតមាននៅលើផែនដីជាមិនខាន។

8:74

وَٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّنَصَرُوٓاْ أُوْلَـٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقّٗاۚ لَّهُم مَّغۡفِرَةٞ وَرِزۡقٞ كَرِيمٞ ﴿74﴾

ហើយបណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកនិងបានជួយដល់ពួកគេ(ពួកអាន់ស័រ)នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ សម្រាប់ពួកគេនឹងទទួលបានការអភ័យទោស និងលាភសក្ការៈដ៏ឧត្តុង្គឧត្តម(ឋានសួគ៌)។

8:75

وَٱلَّذِينَ ءَامَنُواْ مِنۢ بَعۡدُ وَهَاجَرُواْ وَجَٰهَدُواْ مَعَكُمۡ فَأُوْلَـٰٓئِكَ مِنكُمۡۚ وَأُوْلُواْ ٱلۡأَرۡحَامِ بَعۡضُهُمۡ أَوۡلَىٰ بِبَعۡضٖ فِي كِتَٰبِ ٱللَّهِۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمُۢ ﴿75﴾

ហើយបណ្តាអ្នកដែលមានជំនឿបន្ទាប់(ពីពួកមូហាជីរីន និងពួកអាន់សរ៍) ហើយពួកគេបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូ(ក្នុងមាគ៌ាអល់ឡោះ)ជាមួយនឹងពួកអ្នក អ្នកទាំងនោះក៏ស្ថិតក្នុងចំណោមពួកអ្នកដែរ(ឱបណ្តាអ្នកមានជំនឿ)។ ហើយចំពោះសាច់សាលោហិត ពួកគេសក្ដិសមបំផុតចំពោះសិទ្ធិទទួលមរតកពីគ្នាទៅវិញទៅមកនៅក្នុងច្បាប់របស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលជាប្រការល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ទ្រង់ក៏បានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់ពួកគេ។

9:1

بَرَآءَةٞ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلۡمُشۡرِكِينَ ﴿1﴾

នេះគឺជាការកាត់ផ្តាច់ទំនាក់ទំនងរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ចំពោះអ្នកទាំងឡាយដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយក្នុងចំណោមពួកមុស្ហរីគីន។

9:2

فَسِيحُواْ فِي ٱلۡأَرۡضِ أَرۡبَعَةَ أَشۡهُرٖ وَٱعۡلَمُوٓاْ أَنَّكُمۡ غَيۡرُ مُعۡجِزِي ٱللَّهِ وَأَنَّ ٱللَّهَ مُخۡزِي ٱلۡكَٰفِرِينَ ﴿2﴾

ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ធ្វើដំណើរនៅលើផែនដីរយៈពេលបួនខែ(ដោយសុវត្ថិភាព)ចុះ។ ហើយចូរពួកអ្នកដឹងចុះថា ជាការពិតណាស់ ពួកអ្នកនឹងមិនអាចគេចផុតពី(ទណ្ឌកម្ម)អល់ឡោះឡើយ ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ជាអ្នកធ្វើឱ្យពួកគ្មានជំនឿអាប់ឱន។

9:3

وَأَذَٰنٞ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلنَّاسِ يَوۡمَ ٱلۡحَجِّ ٱلۡأَكۡبَرِ أَنَّ ٱللَّهَ بَرِيٓءٞ مِّنَ ٱلۡمُشۡرِكِينَ وَرَسُولُهُۥۚ فَإِن تُبۡتُمۡ فَهُوَ خَيۡرٞ لَّكُمۡۖ وَإِن تَوَلَّيۡتُمۡ فَٱعۡلَمُوٓاْ أَنَّكُمۡ غَيۡرُ مُعۡجِزِي ٱللَّهِۗ وَبَشِّرِ ٱلَّذِينَ كَفَرُواْ بِعَذَابٍ أَلِيمٍ ﴿3﴾

ហើយនេះជាសេចក្តីប្រកាសពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកទាំងអស់នាថ្ងៃបុណ្យហាជ្ជីធំ(ថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ)ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់មិនពាក់ព័ន្ធនឹងពួកមុស្ហរីគីនទៀតឡើយ។ ដូច្នេះ ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សារភាពកំហុសនោះ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកងាកចេញវិញនោះ ចូរពួកអ្នកដឹងចុះថា ពួកអ្នកពិតជាមិនអាចគេផុតពីអល់ឡោះជាម្ចាស់ឡើយ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគ្មានជំនឿនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

9:4

إِلَّا ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلۡمُشۡرِكِينَ ثُمَّ لَمۡ يَنقُصُوكُمۡ شَيۡـٔٗا وَلَمۡ يُظَٰهِرُواْ عَلَيۡكُمۡ أَحَدٗا فَأَتِمُّوٓاْ إِلَيۡهِمۡ عَهۡدَهُمۡ إِلَىٰ مُدَّتِهِمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ﴿4﴾

លើកលែងតែពួកមុស្ហរីគីនទាំងឡាយណាដែលពួកអ្នកបានចុះកិច្ចព្រមព្រៀងជាមួយពួកគេ ក្រោយមក ពួកគេមិនបានបំពាននូវប្រការណាមួយចំពោះពួកអ្នក(ក្នុងកិច្ចព្រមព្រៀងនោះ) ហើយពួកគេក៏មិនបានគាំទ្រនរណាម្នាក់ប្រឆាំងនឹងពួកអ្នកនោះដែរ។ ដូច្នេះ ចូរពួកអ្នកបំពេញនូវកិច្ចព្រមព្រៀងនោះដល់ពួកគេ រហូតដល់ពេលកំណត់របស់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលកោតខ្លាច។

9:5

فَإِذَا ٱنسَلَخَ ٱلۡأَشۡهُرُ ٱلۡحُرُمُ فَٱقۡتُلُواْ ٱلۡمُشۡرِكِينَ حَيۡثُ وَجَدتُّمُوهُمۡ وَخُذُوهُمۡ وَٱحۡصُرُوهُمۡ وَٱقۡعُدُواْ لَهُمۡ كُلَّ مَرۡصَدٖۚ فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَخَلُّواْ سَبِيلَهُمۡۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ﴿5﴾

ដូចនេះ បើកាលណាបណ្តាខែពិសិដ្ឋ(ដែលពួកអ្នកបានឱ្យពួកមុស្ហរីគីនមានសុវត្ថិភាពនោះ)បានបញ្ចប់ ចូរពួកអ្នកសម្លាប់ពួកមុស្ហរីគីនចុះនៅកន្លែងណាក៏ដោយដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកចាប់ពួកគេឈ្លើយសឹក និងឡោមព័ទ្ធពួកគេ ព្រមទាំងចាំឃ្លាំមើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេសារភាពកំហុស ហើយប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់នោះ ដូច្នេះ ចូរពួកអ្នកបោះបង់(បញ្ឈប់)ការសម្លាប់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

9:6

وَإِنۡ أَحَدٞ مِّنَ ٱلۡمُشۡرِكِينَ ٱسۡتَجَارَكَ فَأَجِرۡهُ حَتَّىٰ يَسۡمَعَ كَلَٰمَ ٱللَّهِ ثُمَّ أَبۡلِغۡهُ مَأۡمَنَهُۥۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٞ لَّا يَعۡلَمُونَ ﴿6﴾

ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីនបានសុំឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជួយការពាររូបគេនោះ ចូរអ្នកឆ្លើយតបចំពោះសំណើរបស់គេចុះដើម្បីឱ្យគេបានស្តាប់បន្ទូលរបស់អល់ឡោះ(គម្ពីរគួរអាន)។ ក្រោយមក ចូរអ្នកនាំគេទៅកាន់កន្លែងដែលមានសុវត្ថិភាពចុះ។ នោះគឺដោយតែពួកគេ គឺជាក្រុមមួយដែលមិនយល់ដឹងឡើយ។

9:7

كَيۡفَ يَكُونُ لِلۡمُشۡرِكِينَ عَهۡدٌ عِندَ ٱللَّهِ وَعِندَ رَسُولِهِۦٓ إِلَّا ٱلَّذِينَ عَٰهَدتُّمۡ عِندَ ٱلۡمَسۡجِدِ ٱلۡحَرَامِۖ فَمَا ٱسۡتَقَٰمُواْ لَكُمۡ فَٱسۡتَقِيمُواْ لَهُمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ﴿7﴾

មិនត្រឹមត្រូវទេដែលពួកមុស្ហរីគីនមានកិច្ចព្រមព្រៀងជាមួយអល់ឡោះនិងជាមួយអ្នកនាំសាររបស់ទ្រង់នោះ លើកលែងតែអ្នកទាំងឡាយដែលពួកអ្នក(ឱអ្នកមូស្លីម)បានចុះកិច្ចព្រមព្រៀងជាមួយពួកគេនៅឯម៉ាស្ជិតហារ៉មប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើពួកគេនៅតែគោរពកិច្ចព្រមព្រៀងជាមួយពួកអ្នកនោះ ចូរពួកអ្នកគោរពកិច្ចព្រមព្រៀងជាមួយពួកគេវិញចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលកោតខ្លាច។

9:8

كَيۡفَ وَإِن يَظۡهَرُواْ عَلَيۡكُمۡ لَا يَرۡقُبُواْ فِيكُمۡ إِلّٗا وَلَا ذِمَّةٗۚ يُرۡضُونَكُم بِأَفۡوَٰهِهِمۡ وَتَأۡبَىٰ قُلُوبُهُمۡ وَأَكۡثَرُهُمۡ فَٰسِقُونَ ﴿8﴾

តើ(ពួកគេអាចមានកិច្ចព្រមព្រៀងពីអល់ឡោះ)យ៉ាងដូចម្តេច បើនៅពេលដែលពួកគេមានប្រៀបលើពួកអ្នក គឺពួកគេមិនខ្វល់ថាពួកអ្នកជាសាច់ញាតិ ហើយក៏មិនខ្វល់ថាពួកអ្នកមានកិច្ចព្រមព្រៀង(ជាមួយពួកគេ)ផងនោះ? ពួកគេយល់ព្រមជាមួយពួកអ្នកតែនឹងមាត់របស់ពួកគេប៉ុណ្ណោះ តែចិត្តរបស់ពួកគេវិញ គឺបដិសេធ។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

9:9

ٱشۡتَرَوۡاْ بِـَٔايَٰتِ ٱللَّهِ ثَمَنٗا قَلِيلٗا فَصَدُّواْ عَن سَبِيلِهِۦٓۚ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ ﴿9﴾

ពួកគេបានយកបណ្តាវាក្យខណ្ឌរបស់អល់ឡោះប្តូរនឹងកម្រៃបន្តិចបន្តួច។ ពិតណាស់ ពួកគេបានរារាំង(ខ្លួនឯង និងរារាំងអ្នកដទៃ)ពីមាគ៌ារបស់ទ្រង់។ ពិតប្រាកណាស់ អ្វីដែលពួកគេប្រព្រឹត្តនោះ គឺអាក្រក់បំផុត។

9:10

لَا يَرۡقُبُونَ فِي مُؤۡمِنٍ إِلّٗا وَلَا ذِمَّةٗۚ وَأُوْلَـٰٓئِكَ هُمُ ٱلۡمُعۡتَدُونَ ﴿10﴾

ពួកគេមិនខ្វល់ថាអ្នកមានជំនឿនោះជាជាសាច់ញាតិ(ពួកគេ) ឬមានកិច្ចព្រមព្រៀង(ជាមួយពួកគេ)នោះឡើយ។ ហើយពួកគេ គឺជាពួកដែលបំពាន។

9:11

فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِۗ وَنُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ ﴿11﴾

ហើយប្រសិនបើពួកគេសារភាពកំហុស និងប្រតិបត្តិសឡាត ព្រមទាំងបានបរិច្ចាគហ្សាកាត់នោះ ពិតប្រាកដណាស់ ពួកគេគឺជាបងប្អូនរួមសាសនារបស់ពួកអ្នក។ ហើយយើងបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌរបស់យើងសម្រាប់ក្រុមដែលយល់ដឹង។

9:12

وَإِن نَّكَثُوٓاْ أَيۡمَٰنَهُم مِّنۢ بَعۡدِ عَهۡدِهِمۡ وَطَعَنُواْ فِي دِينِكُمۡ فَقَٰتِلُوٓاْ أَئِمَّةَ ٱلۡكُفۡرِ إِنَّهُمۡ لَآ أَيۡمَٰنَ لَهُمۡ لَعَلَّهُمۡ يَنتَهُونَ ﴿12﴾

តែប្រសិនបើពួកគេ(ពួកមុស្ហរីគីន)បានរំលាយកិច្ចព្រមព្រៀងរបស់ពួកគេក្រោយពីបានចុះកិច្ចព្រមព្រៀង(ជាមួយពួកអ្នក)ហើយនោះ ព្រមទាំងបានមើលងាយសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងពួកមេដឹកនាំនៃពួកប្រឆាំងចុះ។ ពិតប្រាកដណាស់ គ្មានកិច្ចព្រមព្រៀងអ្វីសម្រាប់ពួកគេទៀតនោះឡើយ។ សង្ឃឹមថាពួកគេនឹងបញ្ឈប់(ទង្វើទាំងនោះ)។

9:13

أَلَا تُقَٰتِلُونَ قَوۡمٗا نَّكَثُوٓاْ أَيۡمَٰنَهُمۡ وَهَمُّواْ بِإِخۡرَاجِ ٱلرَّسُولِ وَهُم بَدَءُوكُمۡ أَوَّلَ مَرَّةٍۚ أَتَخۡشَوۡنَهُمۡۚ فَٱللَّهُ أَحَقُّ أَن تَخۡشَوۡهُ إِن كُنتُم مُّؤۡمِنِينَ ﴿13﴾

ហេតុអ្វីបានជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនប្រយុទ្ធនឹងក្រុមមួយដែលបានរំលាយកិច្ចព្រមព្រៀងរបស់ពួកគេ និងមានបំណងបណ្តេញអ្នកនាំសារ(ចេញពីក្រុងម៉ាក្កះ)ព្រមទាំងពួកគេជាពួកដែលផ្តើមប្រយុទ្ធនឹងពួកអ្នកដំបូងគេបង្អស់នោះ? តើពួកអ្នកខ្លាចពួកគេឬ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទៅវិញទេដែលសក្ដិសមនឹងពួកអ្នកខ្លាចទ្រង់នោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿមែននោះ។

9:14

قَٰتِلُوهُمۡ يُعَذِّبۡهُمُ ٱللَّهُ بِأَيۡدِيكُمۡ وَيُخۡزِهِمۡ وَيَنصُرۡكُمۡ عَلَيۡهِمۡ وَيَشۡفِ صُدُورَ قَوۡمٖ مُّؤۡمِنِينَ ﴿14﴾

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធនឹងពួកគេ(ពួកមុស្ហរីគីន)ចុះ។ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មពួកគេដោយស្នាដៃរបស់ពួកអ្នក និងធ្វើឱ្យពួកគេអាប់ឱន ព្រមទាំងជួយពួកអ្នកឱ្យយកឈ្នះលើពួកគេ ហើយនិងធ្វើឱ្យទុក្ខកង្វល់ទាំងឡាយរសាយចេញពីដួងចិត្តក្រុមដែលមានជំនឿ។

9:15

وَيُذۡهِبۡ غَيۡظَ قُلُوبِهِمۡۗ وَيَتُوبُ ٱللَّهُ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ﴿15﴾

ហើយទ្រង់នឹងធ្វើឱ្យកំហឹងរសាយចេញពីដួងចិត្តរបស់ពួកគេ(អ្នកមានជំនឿ)ផងដែរ។ ហើយអល់ឡោះនឹងទទួលយកនូវការសារភាពកំហុសចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។

9:16

أَمۡ حَسِبۡتُمۡ أَن تُتۡرَكُواْ وَلَمَّا يَعۡلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُواْ مِنكُمۡ وَلَمۡ يَتَّخِذُواْ مِن دُونِ ٱللَّهِ وَلَا رَسُولِهِۦ وَلَا ٱلۡمُؤۡمِنِينَ وَلِيجَةٗۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ﴿16﴾

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹកស្មានថា ពួកអ្នកត្រូវបានគេបោះបង់(មិនទទួលសាកល្បងពីអល់ឡោះ)ឬ? (ពួកអ្នកពិតជានឹងត្រូវបានគេសាកល្បង) ដើម្បីឲ្យអល់ឡោះដឹងច្បាស់ថា តើអ្នកណាដែលតស៊ូ(ប្រយុទ្ធ)ក្នុងចំណោមពួកអ្នក ហើយពួកគេមិនយកអ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអ្នកមានជំនឿធ្វើជាអ្នកគាំពារឡើយ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

9:17

مَا كَانَ لِلۡمُشۡرِكِينَ أَن يَعۡمُرُواْ مَسَٰجِدَ ٱللَّهِ شَٰهِدِينَ عَلَىٰٓ أَنفُسِهِم بِٱلۡكُفۡرِۚ أُوْلَـٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ وَفِي ٱلنَّارِ هُمۡ خَٰلِدُونَ ﴿17﴾

មិនសក្តិសមឡើយសម្រាប់ពួកមុស្ហរីគីនក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះ ទាំងដែលពួកគេជាអ្នកដែលទទួលស្គាល់លើខ្លួនឯងនូវភាពគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេនឹងក្លាយជាអសារបង់ ហើយពួកគេនឹងត្រូវស្ថិតក្នុងឋាននរកជាអមតៈ។

9:18

إِنَّمَا يَعۡمُرُ مَسَٰجِدَ ٱللَّهِ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَلَمۡ يَخۡشَ إِلَّا ٱللَّهَۖ فَعَسَىٰٓ أُوْلَـٰٓئِكَ أَن يَكُونُواْ مِنَ ٱلۡمُهۡتَدِينَ ﴿18﴾

តាមពិត អ្នកដែល(សក្ដិសម)ក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះនោះ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមិនខ្លាច(នរណាម្នាក់)ក្រៅពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្នកទាំងនោះ សង្ឃឹមថាជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។

9:19

أَجَعَلۡتُمۡ سِقَايَةَ ٱلۡحَآجِّ وَعِمَارَةَ ٱلۡمَسۡجِدِ ٱلۡحَرَامِ كَمَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَجَٰهَدَ فِي سَبِيلِ ٱللَّهِۚ لَا يَسۡتَوُۥنَ عِندَ ٱللَّهِۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّـٰلِمِينَ ﴿19﴾

តើពួកអ្នក(ឱពួកមុស្ហរីគីន)ចាត់ទុកការផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉ម ដូចគ្នានឹងអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់អល់ឡោះឬ? ពួកគេ(ទាំងពីរក្រុម)មិនស្មើគ្នានោះឡើយចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញក្រុមដែលបំពានឡើយ។

9:20

ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ أَعۡظَمُ دَرَجَةً عِندَ ٱللَّهِۚ وَأُوْلَـٰٓئِكَ هُمُ ٱلۡفَآئِزُونَ ﴿20﴾

បណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេនោះ គឺមានឋានៈខ្ពង់ខ្ពស់បំផុតនៅឯអល់ឡោះជាម្ចាស់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។

9:21

يُبَشِّرُهُمۡ رَبُّهُم بِرَحۡمَةٖ مِّنۡهُ وَرِضۡوَٰنٖ وَجَنَّـٰتٖ لَّهُمۡ فِيهَا نَعِيمٞ مُّقِيمٌ ﴿21﴾

ព្រះជាម្ចាស់របស់ពួកគេបានផ្តល់ដំណឹងរីករាយដល់ពួកគេពីក្តីមេត្តាករុណាអំពីទ្រង់ និងការពេញចិត្ត(របស់ទ្រង់ចំពោះពួកគេ) ព្រមទាំងឋានសួគ៌ ដោយពួកគេទទួលបាននូវបរមសុខគ្មានទីបញ្ចប់ឡើយនៅក្នុងវា។

9:22

خَٰلِدِينَ فِيهَآ أَبَدًاۚ إِنَّ ٱللَّهَ عِندَهُۥٓ أَجۡرٌ عَظِيمٞ ﴿22﴾

ពួកគេស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យដ៏ធំធេងបំផុត។

9:23

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُوٓاْ ءَابَآءَكُمۡ وَإِخۡوَٰنَكُمۡ أَوۡلِيَآءَ إِنِ ٱسۡتَحَبُّواْ ٱلۡكُفۡرَ عَلَى ٱلۡإِيمَٰنِۚ وَمَن يَتَوَلَّهُم مِّنكُمۡ فَأُوْلَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ ﴿23﴾

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកជីដូនជីតារបស់ពួកអ្នក និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេពេញចិត្តភាពគ្មានជំនឿជាងការមានជំនឿនោះ។ ហើយជនណាដែលយកពួកគេធ្វើជាអ្នកគាំពារក្នុងចំណោមពួកអ្នក ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកដែលបំពាន។

9:24

قُلۡ إِن كَانَ ءَابَآؤُكُمۡ وَأَبۡنَآؤُكُمۡ وَإِخۡوَٰنُكُمۡ وَأَزۡوَٰجُكُمۡ وَعَشِيرَتُكُمۡ وَأَمۡوَٰلٌ ٱقۡتَرَفۡتُمُوهَا وَتِجَٰرَةٞ تَخۡشَوۡنَ كَسَادَهَا وَمَسَٰكِنُ تَرۡضَوۡنَهَآ أَحَبَّ إِلَيۡكُم مِّنَ ٱللَّهِ وَرَسُولِهِۦ وَجِهَادٖ فِي سَبِيلِهِۦ فَتَرَبَّصُواْ حَتَّىٰ يَأۡتِيَ ٱللَّهُ بِأَمۡرِهِۦۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ﴿24﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើឪពុកម្តាយរបស់ពួកអ្នក(ឱអ្នកមានជំនឿ) កូនចៅរបស់ពួកអ្នក បងប្អូនរបស់ពួកអ្នក ប្រពន្ធរបស់ពួកអ្នក សាច់ញាតិរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នកខិតខំប្រមូល ហើយនិងជំនួញដែលពួកអ្នកខ្លាចខាតបង់វា ព្រមទាំងលំនៅដ្ឋាន(របស់ពួកអ្នក)ដែលពួកអ្នកពេញចិត្តវានោះ ជាទីស្រលាញ់ពេញចិត្តចំពោះពួកអ្នកជាងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយនិងការតស៊ូក្នុងមាគ៌ារបស់ទ្រង់នោះ ចូរពួកអ្នករង់ចាំចុះ រហូតដល់កិច្ចការ(ទណ្ឌកម្ម)របស់ទ្រង់បានមកដល់។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញក្រុមដែលប្រព្រឹត្តល្មើសឡើយ។

9:25

لَقَدۡ نَصَرَكُمُ ٱللَّهُ فِي مَوَاطِنَ كَثِيرَةٖ وَيَوۡمَ حُنَيۡنٍ إِذۡ أَعۡجَبَتۡكُمۡ كَثۡرَتُكُمۡ فَلَمۡ تُغۡنِ عَنكُمۡ شَيۡـٔٗا وَضَاقَتۡ عَلَيۡكُمُ ٱلۡأَرۡضُ بِمَا رَحُبَتۡ ثُمَّ وَلَّيۡتُم مُّدۡبِرِينَ ﴿25﴾

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ក្នុងសមរភូមិជាច្រើន។ ហើយនៅថ្ងៃសមរភូមិហ៊ូណែនវិញ នៅពេលដែលចំនួនដ៏ច្រើនរបស់ពួកអ្នកបានធ្វើឱ្យពួកអ្នកមានមោទនភាព ក៏ប៉ុន្តែវាមិនបានផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ពួកអ្នកនោះឡើយ។ ហើយផែនដីដែលធំទូលាយប្រែជាតូចចង្អៀតសម្រាប់ពួកអ្នក។ ក្រោយមក ពួកអ្នកបានរត់បកក្រោយ(ចេញពីសត្រូវរ)។

9:26

ثُمَّ أَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِينَ وَأَنزَلَ جُنُودٗا لَّمۡ تَرَوۡهَا وَعَذَّبَ ٱلَّذِينَ كَفَرُواْۚ وَذَٰلِكَ جَزَآءُ ٱلۡكَٰفِرِينَ ﴿26﴾

បន្ទាប់មក អល់ឡោះជាម្ចាស់បានបញ្ចុះភាពនឹងនររបស់ទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ។ ហើយទ្រង់បានបញ្ចុះកងទ័ព(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលពួកអ្នកមើលមិនឃើញពួកគេ(ឱ្យមកជួយពួកអ្នក) ហើយទ្រង់បានដាក់ទណ្ឌកម្មពួកដែលប្រឆាំង។ ហើយនោះ គឺជាការតបស្នងចំពោះពួកដែលប្រឆាំង។

9:27

ثُمَّ يَتُوبُ ٱللَّهُ مِنۢ بَعۡدِ ذَٰلِكَ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴿27﴾

ក្រោយមក អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកនូវការសារភាពកំហុសបន្ទាប់ពីនោះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

9:28

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّمَا ٱلۡمُشۡرِكُونَ نَجَسٞ فَلَا يَقۡرَبُواْ ٱلۡمَسۡجِدَ ٱلۡحَرَامَ بَعۡدَ عَامِهِمۡ هَٰذَاۚ وَإِنۡ خِفۡتُمۡ عَيۡلَةٗ فَسَوۡفَ يُغۡنِيكُمُ ٱللَّهُ مِن فَضۡلِهِۦٓ إِن شَآءَۚ إِنَّ ٱللَّهَ عَلِيمٌ حَكِيمٞ ﴿28﴾

ឱបណ្តាអ្នកដែលមានជំនឿ! ពិតប្រាកដណាស់ ពួកមុស្ហរីគីន គឺមានភាពកខ្វក់(ណាជិស)។ ហេតុនេះ ចូរកុំឱ្យពួកគេចូលក្នុងម៉ាស្ជិតអាល់ហារ៉ម(ទឹកដីម៉ាក្កះ)ឲ្យសោះបន្ទាប់ពីឆ្នាំនេះទៅ(ឆ្នាំទីប្រាំបួនហិជ្ជរ៉ោះ)។ ហើយប្រសិនបើពួកអ្នក(ឱអ្នកមានជំនឿ)បារម្ភខ្លាចភាពក្រីក្រនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពគ្រប់គ្រាន់ដល់ពួកអ្នកដោយភាពសប្បុរសរបស់ទ្រង់ ប្រសិនបើទ្រង់មានចេតនា។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។

9:29

قَٰتِلُواْ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَلَا بِٱلۡيَوۡمِ ٱلۡأٓخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ ٱللَّهُ وَرَسُولُهُۥ وَلَا يَدِينُونَ دِينَ ٱلۡحَقِّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ حَتَّىٰ يُعۡطُواْ ٱلۡجِزۡيَةَ عَن يَدٖ وَهُمۡ صَٰغِرُونَ ﴿29﴾

ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដា និងគ្រឹស្ទាន)ដែលមិនមានជំនឿចំពោះអល់ឡោះ ហើយក៏គ្មានជំនឿចំពោះថ្ងៃបរលោក និងមិនចៀសវាងពីប្រការទាំងឡាយដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ ព្រមទាំងមិនប្រកាន់ខ្ជាប់នូវសាសនាដ៏ត្រឹមត្រូវ(សាសនាឥស្លាម) រហូតដល់ពួកគេព្រមបង់ពន្ធដោយផ្ទាល់ដៃរបស់ពួកគេដោយភាពចុះញ៉ម។

9:30

وَقَالَتِ ٱلۡيَهُودُ عُزَيۡرٌ ٱبۡنُ ٱللَّهِ وَقَالَتِ ٱلنَّصَٰرَى ٱلۡمَسِيحُ ٱبۡنُ ٱللَّهِۖ ذَٰلِكَ قَوۡلُهُم بِأَفۡوَٰهِهِمۡۖ يُضَٰهِـُٔونَ قَوۡلَ ٱلَّذِينَ كَفَرُواْ مِن قَبۡلُۚ قَٰتَلَهُمُ ٱللَّهُۖ أَنَّىٰ يُؤۡفَكُونَ ﴿30﴾

ហើយពួកយូដាបាននិយាយថា៖ អ៊ូហ្សៃរ៍ គឺជាបុត្ររបស់អល់ឡោះ។ ចំណែកឯពួកគ្រឹស្ទានវិញបាននិយាយថា៖ អាល់ម៉ាសៀហ(យេស៊ូគ្រឹស្ទ) គឺជាបុត្ររបស់អល់ឡោះ។ នោះគឺគ្រាន់តែជាពាក្យសម្តី(ប្រឌិត)ដែលចេញពីមាត់របស់ពួកគេប៉ុណ្ណោះ។ វាដូចគ្នាទៅនឹងពាក្យសម្តីរបស់ពួកប្រឆាំងជំនាន់មុនដូច្នោះដែរ។ អល់ឡោះក៏បានបំផ្លាញពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញ(ពីសេចក្តីពិត)យ៉ាងដូចម្តេច?

9:31

ٱتَّخَذُوٓاْ أَحۡبَارَهُمۡ وَرُهۡبَٰنَهُمۡ أَرۡبَابٗا مِّن دُونِ ٱللَّهِ وَٱلۡمَسِيحَ ٱبۡنَ مَرۡيَمَ وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُوٓاْ إِلَٰهٗا وَٰحِدٗاۖ لَّآ إِلَٰهَ إِلَّا هُوَۚ سُبۡحَٰنَهُۥ عَمَّا يُشۡرِكُونَ ﴿31﴾

ពួកគេបានយកអ្នកចេះដឹងរបស់ពួកគេ និងពួកបុព្វជិតរបស់ពួកគេធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះ ព្រមទាំងបានយកអាល់ម៉ាសៀហ(ព្យាការីអ៊ីសា)កូនប្រុសរបស់ម៉ារយ៉ាំ(ធ្វើជាព្រះផងដែរ)។ ហើយគេ(អល់ឡោះ)មិនបានប្រើពួកគេនោះឡើយ លើកលែងតែឲ្យពួកគេគោរពសក្ការៈចំពោះព្រះជាម្ចាស់តែមួយគត់។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។

9:32

يُرِيدُونَ أَن يُطۡفِـُٔواْ نُورَ ٱللَّهِ بِأَفۡوَٰهِهِمۡ وَيَأۡبَى ٱللَّهُ إِلَّآ أَن يُتِمَّ نُورَهُۥ وَلَوۡ كَرِهَ ٱلۡكَٰفِرُونَ ﴿32﴾

ពួកគេ(ពួកប្រឆាំង)មានបំណងចង់ពន្លត់ពន្លឺរបស់អល់ឡោះ(សាសនាអ៊ីស្លាម)ដោយមាត់របស់ពួកគេ តែអល់ឡោះបដិសេធ(មិនឱ្យគោលបំណងរបស់ពួកគេបានសម្រេចឡើយ)។ ផ្ទុយទៅវិញ ទ្រង់បំពេញពន្លឺរបស់ទ្រង់ ទោះបីជាពួកប្រឆាំងមិនពេញចិត្តក៏ដោយ។

9:33

هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ ﴿33﴾

ទ្រង់គឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដោយនាំមកនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និងសាសនាដ៏ពិត(សាសនាអ៊ីស្លាម)ដើម្បីឱ្យវាមានភាពខ្ពង់ខ្ពស់លើសសាសនាដទៃទៀតទាំងអស់ បើទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តក៏ដោយ។

9:34

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ كَثِيرٗا مِّنَ ٱلۡأَحۡبَارِ وَٱلرُّهۡبَانِ لَيَأۡكُلُونَ أَمۡوَٰلَ ٱلنَّاسِ بِٱلۡبَٰطِلِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِۗ وَٱلَّذِينَ يَكۡنِزُونَ ٱلذَّهَبَ وَٱلۡفِضَّةَ وَلَا يُنفِقُونَهَا فِي سَبِيلِ ٱللَّهِ فَبَشِّرۡهُم بِعَذَابٍ أَلِيمٖ ﴿34﴾

ឱបណ្តាអ្នកដែលមានជំនឿ! ជាការពិតណាស់ ភាគច្រើននៃអ្នកចេះដឹងបស់ពួកយូដា និងពួកបុព្វជិតរបស់ពួកគ្រឹស្ទាន គឺពួកគេយកទ្រព្យសម្បត្តិមនុស្សលោកដោយខុសច្បាប់ ថែមទាំងបានរារាំង(ពួកគេ)ពីមាគ៌ារបស់អល់ឡោះ។ ហើយចំណែកពួកដែលប្រមែប្រមូលមាសប្រាក់ ហើយពួកគេមិនបានចេញហ្សាកាត់វាក្នុងមាគ៌ារបស់អល់ឡោះទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

9:35

يَوۡمَ يُحۡمَىٰ عَلَيۡهَا فِي نَارِ جَهَنَّمَ فَتُكۡوَىٰ بِهَا جِبَاهُهُمۡ وَجُنُوبُهُمۡ وَظُهُورُهُمۡۖ هَٰذَا مَا كَنَزۡتُمۡ لِأَنفُسِكُمۡ فَذُوقُواْ مَا كُنتُمۡ تَكۡنِزُونَ ﴿35﴾

នៅថ្ងៃ(បរលោក)ដែលគេយកវា(មាសប្រាក់នោះ)ទៅដុតក្នុងភ្លើងនរកជើហាន់ណាំ រួចគេយកវាទៅដុតរោលលើថ្ងាស់ ចំហៀងខ្លួន និងខ្នងរបស់ពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាអ្វីដែលពួកអ្នកខំប្រមែប្រមូលទុកសម្រាប់ខ្លួនឯងនោះ។ ដូចនេះ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកខិតខំប្រមែប្រមូលទុកនោះ។

9:36

إِنَّ عِدَّةَ ٱلشُّهُورِ عِندَ ٱللَّهِ ٱثۡنَا عَشَرَ شَهۡرٗا فِي كِتَٰبِ ٱللَّهِ يَوۡمَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ مِنۡهَآ أَرۡبَعَةٌ حُرُمٞۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُۚ فَلَا تَظۡلِمُواْ فِيهِنَّ أَنفُسَكُمۡۚ وَقَٰتِلُواْ ٱلۡمُشۡرِكِينَ كَآفَّةٗ كَمَا يُقَٰتِلُونَكُمۡ كَآفَّةٗۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ ﴿36﴾

ពិតប្រាកដណាស់ ចំនួនខែ(ក្នុងមួយឆ្នាំ)នៅឯអល់ឡោះជាម្ចាស់នោះ គឺមានចំនួនដប់ពីរខែដែលបានចារទុកនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហ៊ុលម៉ះហ៊្វូស)តាំងពីថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីមកម្ល៉េះ។ ក្នុងចំណោមនោះ គឺមានបួនខែជាខែបម្រាម។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពានខ្លួនឯងនៅក្នុងបណ្តាខែទាំងនោះឱ្យសោះ។ ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកមុស្ហរីគីនទាំងអស់ដូចដែលពួកគេបានប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នាដែរ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច។

9:37

إِنَّمَا ٱلنَّسِيٓءُ زِيَادَةٞ فِي ٱلۡكُفۡرِۖ يُضَلُّ بِهِ ٱلَّذِينَ كَفَرُواْ يُحِلُّونَهُۥ عَامٗا وَيُحَرِّمُونَهُۥ عَامٗا لِّيُوَاطِـُٔواْ عِدَّةَ مَا حَرَّمَ ٱللَّهُ فَيُحِلُّواْ مَا حَرَّمَ ٱللَّهُۚ زُيِّنَ لَهُمۡ سُوٓءُ أَعۡمَٰلِهِمۡۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ ﴿37﴾

តាមពិត ការលើកខែបម្រាម(ទៅកាន់ខែផ្សេង) គឺកាន់តែបន្ថែមភាពគ្មានជំនឿ(ដល់ពួកគេ)។ ហើយដោយសារការលើកខែនេះ ពួកគ្មានជំនឿត្រូវបានគេ(ស្ហៃតន)ធ្វើឲ្យវង្វេង ដោយពួកគេបានអនុញ្ញាតឱ្យ(ធ្វើសង្គ្រាម)ក្នុងខែបម្រាមមួយឆ្នាំដោយជំនួសនូវខែបម្រាមនេះទៅឆ្នាំក្រោយវិញដើម្បីឱ្យស្របនឹងចំនួនខែបម្រាមដែលអល់ឡោះទ្រង់បានដាក់បម្រាម(មិនឱ្យធ្វើសង្គ្រាម)។ ដូចនេះ ពួកគេបានអនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់។ គេ(ស្ហៃតន)បានតុបតែងលម្អសម្រាប់ពួកគេនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រឆាំងឡើយ។

9:38

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ مَا لَكُمۡ إِذَا قِيلَ لَكُمُ ٱنفِرُواْ فِي سَبِيلِ ٱللَّهِ ٱثَّاقَلۡتُمۡ إِلَى ٱلۡأَرۡضِۚ أَرَضِيتُم بِٱلۡحَيَوٰةِ ٱلدُّنۡيَا مِنَ ٱلۡأٓخِرَةِۚ فَمَا مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَا فِي ٱلۡأٓخِرَةِ إِلَّا قَلِيلٌ ﴿38﴾

ឱបណ្តាអ្នកដែលមានជំនឿ! តើមានរឿងអ្វីចំពោះពួកអ្នកបានជានៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នកថា៖ ចូរពួកអ្នកចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូស និងបន្តស្ថិតក្នុងលំនៅដ្ឋានរបស់ពួកអ្នកទៅវិញ? តើពួកអ្នកពេញចិត្តនឹងជីវិតលោកិយជាង(ការសោយសុខនៅ)ថ្ងៃបរលោកឬ? ជាការពិតណាស់ ភាពត្រេកត្រអាលនៃជីវិតលោកិយនេះ មិនអាចប្រៀបនឹងថ្ងៃបរលោកបានឡើយ លើកលែងតែបន្តិចប៉ុណ្ណោះ។

9:39

إِلَّا تَنفِرُواْ يُعَذِّبۡكُمۡ عَذَابًا أَلِيمٗا وَيَسۡتَبۡدِلۡ قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّوهُ شَيۡـٔٗاۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ ﴿39﴾

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនចេញទៅប្រយុទ្ធទេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកអ្នកនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ហើយទ្រង់នឹងជំនួសក្រុមមួយផ្សេងក្រៅពីពួកអ្នកជាមិនខាន ហើយពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ទ្រង់នោះឡើយ(ប្រសិនបើពួកអ្នកមិនចេញទៅប្រយុទ្ធនោះ)។ ហើយអល់ឡោះទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។

9:40

إِلَّا تَنصُرُوهُ فَقَدۡ نَصَرَهُ ٱللَّهُ إِذۡ أَخۡرَجَهُ ٱلَّذِينَ كَفَرُواْ ثَانِيَ ٱثۡنَيۡنِ إِذۡ هُمَا فِي ٱلۡغَارِ إِذۡ يَقُولُ لِصَٰحِبِهِۦ لَا تَحۡزَنۡ إِنَّ ٱللَّهَ مَعَنَاۖ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَيۡهِ وَأَيَّدَهُۥ بِجُنُودٖ لَّمۡ تَرَوۡهَا وَجَعَلَ كَلِمَةَ ٱلَّذِينَ كَفَرُواْ ٱلسُّفۡلَىٰۗ وَكَلِمَةُ ٱللَّهِ هِيَ ٱلۡعُلۡيَاۗ وَٱللَّهُ عَزِيزٌ حَكِيمٌ ﴿40﴾

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនជួយដល់គាត់(ព្យាការីមូហាំម៉ាត់)ទេនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានជួយដល់គាត់(រួចទៅហើយ) ខណៈពេលដែលពួកគ្មានជំនឿបានបណ្តេញគាត់ និងអាពូហ្ពាកើរ នៅពេលដែលគាត់ទាំងពីរស្ថិតនៅក្នុងរូងភ្នំ(ស៊ួរ)។ ពេលនោះ គាត់បាននិយាយទៅកាន់មិត្តរបស់គាត់(អាពូហ្ពាកើរ)ថា៖ ចូរអ្នកកុំព្រួយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយពួកយើង(ទ្រង់គាំទ្រ និងជួយពួកយើង)។ ខណៈនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះនូវភាពនឹងនររបស់ទ្រង់ទៅកាន់គាត់ ហើយទ្រង់បានពង្រឹងដល់គាត់តាមរយៈកងទ័ព(ម៉ាឡាអ៊ីកាត់)យ៉ាងច្រើនដែលពួកអ្នកមិនអាចមើលឃើញពួកគេបាន។ ហើយទ្រង់បានធ្វើឱ្យពាក្យពេចន៍របស់ពួកប្រឆាំងទាបថោកបំផុត។ រីឯពាក្យបន្ទូលរបស់អល់ឡោះវិញ គឺខ្ពង់ខ្ពស់ឡើង។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

9:41

ٱنفِرُواْ خِفَافٗا وَثِقَالٗا وَجَٰهِدُواْ بِأَمۡوَٰلِكُمۡ وَأَنفُسِكُمۡ فِي سَبِيلِ ٱللَّهِۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ﴿41﴾

ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ចេញទៅប្រយុទ្ធទាំងក្នុងពេលងាយស្រួល និងពេលលំបាក ហើយចូរពួកអ្នកតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

9:42

لَوۡ كَانَ عَرَضٗا قَرِيبٗا وَسَفَرٗا قَاصِدٗا لَّٱتَّبَعُوكَ وَلَٰكِنۢ بَعُدَتۡ عَلَيۡهِمُ ٱلشُّقَّةُۚ وَسَيَحۡلِفُونَ بِٱللَّهِ لَوِ ٱسۡتَطَعۡنَا لَخَرَجۡنَا مَعَكُمۡ يُهۡلِكُونَ أَنفُسَهُمۡ وَٱللَّهُ يَعۡلَمُ إِنَّهُمۡ لَكَٰذِبُونَ ﴿42﴾

ប្រសិនបើវា(ការធ្វើដំណើរដែលអ្នកអំពាវនាវពួកគេទៅកាន់នោះ)ជាទ្រព្យជ័យភណ្ឌដែលនៅជិត(ងាយយកបាន) ហើយការធ្វើដំណើរមិនលំបាកទេនោះ ប្រាកដជាពួកគេ(ពួកពុតត្បុត)នឹងគោរពតាមអ្នក(ចេញទៅប្រយុទ្ធជាមួយអ្នក)ជាមិនខាន។ ក៏ប៉ុន្តែ ផ្លូវធ្វើដំណើរ គឺវែងឆ្ងាយ លំបាកដល់ពួកគេ(ទើបពួកគេមិនចេញទៅជាមួយពួកអ្នក)។ ហើយពួកគេនឹងស្បថ(កុហក)ចំពោះអល់ឡោះថា៖ ប្រសិនបើពួកយើងមានលទ្ធភាពនោះ ពួកយើងប្រាកដជានឹងចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នកជាមិនខានឡើយ។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង។ ហើយអល់ឡោះទ្រង់ដឹងបំផុតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។

9:43

عَفَا ٱللَّهُ عَنكَ لِمَ أَذِنتَ لَهُمۡ حَتَّىٰ يَتَبَيَّنَ لَكَ ٱلَّذِينَ صَدَقُواْ وَتَعۡلَمَ ٱلۡكَٰذِبِينَ ﴿43﴾

អល់ឡោះជាម្ចាស់បានអភ័យទោសដល់អ្នក(ចំពោះការដែលអ្នកអនុញ្ញាតឱ្យពួកគេមិនចេញទៅប្រយុទ្ធ)។ ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យពួកគេ(មិនចេញទៅប្រយុទ្ធ)បែបនេះ? រហូតទាល់តែអ្នកដឹងច្បាស់ថា អ្នកណាដែលស្មោះត្រង់ និងដឹងថា អ្នកណាដែលភូតកុហកសិន។

9:44

لَا يَسۡتَـٔۡذِنُكَ ٱلَّذِينَ يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ أَن يُجَٰهِدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ ﴿44﴾

បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក គឺគ្មានហេតុផលអ្វីដែលពួកគេសុំអនុញ្ញាតពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនចេញទៅតស៊ូប្រយុទ្ធ(ក្នុងមាគ៌ាអល់ឡោះ)ដោយទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកគេនោះឡើយ។ ហើយអល់ឡោះទ្រង់ដឹងបំផុតចំពោះបណ្តាអ្នកដែលកោតខ្លាច។

9:45

إِنَّمَا يَسۡتَـٔۡذِنُكَ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَٱرۡتَابَتۡ قُلُوبُهُمۡ فَهُمۡ فِي رَيۡبِهِمۡ يَتَرَدَّدُونَ ﴿45﴾

តាមពិត ពួកដែលសុំអនុញ្ញាតពីអ្នក(មិនចេញទៅប្រយុទ្ធ)នោះ គឺជាពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយដួងចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យ។ ហើយពួកគេមានភាពស្ទាក់ស្ទើរដោយសារតែភាពសង្ស័យរបស់ខ្លួន។